យោងមាត្រា១៣១ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថា មានតែអង្គការអយ្យការទេ ដែលមានសិទ្ធិធ្វើបណ្តឹងអាជ្ញា ។ មាត្រា៤ មាត្រា៥ និងមាត្រា២៧ នៃក្រមនីតិវិធីព្រហ្មទណ្ឌកម្ពុជាឆ្នាំ២០០៧ មាត្រា៧៤ នៃច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រមនិងព្រះរាជអាជ្ញាឆ្នាំ២០១៤ និងមាត្រា៣០ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការឆ្នាំ២០១៤ អយ្យការគឺជាស្ថាប័នអនុវត្តបណ្តឹងអាជ្ញា ឬធ្វើការចោទប្រកាន់ក្នុងនាមប្រយោជន៍ទូទៅនៅចំពោះមុខយុត្តាធិការស៊ើបសួរ និងយុត្តាធិការជំនុំជម្រះ ហើយបន្ថែមដោយការទទួលស្គាល់ផងដែរអំពីសិទ្ធិរបស់ជនរងគ្រោះក្នុងការដាក់បណ្តឹងអាជ្ញាឱ្យមានចលនា និងសិទ្ធិរបស់មន្រ្តីរាជការ ឬភ្នាក់ងារសាធារណៈដទៃទៀតដែលច្បាប់បានផ្តល់អំណាចជូន ដែលយន្តការពីរចុងក្រោយនេះនៅតែឆ្លងកាត់ការចោទប្រកាន់ពីព្រះរាជអាជ្ញា។ បណ្តឹងអាជ្ញាត្រូវអនុវត្តដោយស្មើភាពគ្នា និងមិនរើសអើងទៅលើបុគ្គលគ្រប់រូប ទាំងរូវន្ដបុគ្គល ទាំងនីតិបុគ្គល ដូចចែងក្នុងមាត្រា៣ នៃក្រមដដែល។
ការដាក់បណ្តឹងអាជ្ញាឱ្យមានចលនា គឺជាការបើកការចោទប្រកាន់ដែលមានគោលបំណងពិនិត្យអត្ថិភាពនៃបទល្មើសបង្ហាញឱ្យឃើញអំពីពិរុទ្ធភាពនៃជនល្មើស និងផ្តន្ទាទោសជននេះតាមច្បាប់កំណត់។ បើគិតតាំងពីប្រទេសកម្ពុជាបានទទួលឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មកតាមរយៈវត្តមាននៃក្រមពិភាក្សាព្រហ្មទណ្ឌឆ្នាំ១៩៦២ (ដែលបានធ្វើវិសោធនកម្មលើក្រមលក្ខណៈពិភាក្សាព្រហ្មទណ្ឌឆ្នាំ១៩៣៧ ដែលជាក្រមទីពីរបន្ទាប់ក្រមលក្ខណៈពិភាក្សាព្រហ្មទណ្ឌទីមួយនៅឆ្នាំ១៩១១) បន្តដោយច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌឆ្នាំ១៩៩៣ និងចុងក្រោយក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ ការចោទប្រកាន់របស់ព្រះរាជអាជ្ញាកម្ពុជាមានបីរបៀបគឺ ទីមួយ តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ទីពីរ តាមរយៈកំណត់ហេតុស្តីពីការចូលបង្ហាញខ្លួនភ្លាម និងទីបី តាមរយៈកំណត់ហេតុស្តីពីការចូលបង្ហាញខ្លួនភ្លាម លើកលែងតែការចោទប្រកាន់នៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) ដែលការបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរគឺជារបៀបតែមួយគត់នៃការចោទប្រកាន់។
ចំពោះការចោទប្រកាន់ពីបទព្រហ្មទណ្ឌប្រឆាំងនឹងបុគ្គលណាមួយ នៅពេលខ្លះព្រះរាជអាជ្ញាគ្មានសិទ្ធិជ្រើសរើសយកយន្តការទាំងបីដូចបានរៀបរាប់ខាងលើនោះទេ ពោលគឺមានកាតព្វកិច្ចបើកការចោទប្រកាន់តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ (ជំពូកទី១) ដែលនេះគឺជាការកម្រិតនូវឆន្ទានុសិទ្ធិរបស់ព្រះរាជអាជ្ញា និងនៅពេលខ្លះព្រះរាជអាជ្ញាមានសិទ្ធិជ្រើសរើសយករបៀបណាមួយនៃការចោទប្រកាន់(ជំពូកទី២) ដោយយោងទៅតាមអង្គហេតុ និងលក្ខខណ្ឌនៃចោទប្រកាន់នីមួយៗ។