អត្ថិភាពនៃជំងឺកូវីដ-១៩ នៅដើមឆ្នាំ២០២០ បានធ្វើឱ្យវិស័យសុខភាពសាធារណៈជួបនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលការណ៍នេះជាមូលហេតុដ៏ចម្បងធ្វើឱ្យមានឱនភាពសេដ្ឋកិច្ចសកលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជំងឺកូវីដ-១៩ បានធ្វើឱ្យបាត់បង់ជីវិតមនុស្សប្រមាណ ៦,៧លាននាក់ នៅទូទាំងសាកល បើគិតត្រឹមខែមករា ឆ្នាំ២០២៣នេះ។[1] វិបត្តិជាសកលនៃជំងឺកូវីដ-១៩ មិនត្រឹមតែជាការប្រកាសអាសន្នផ្នែកសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជំងឺកូវីដ-១៩ ក៏បានធ្វើឱ្យខ្សែច្រវាក់ផលិតកម្មសកលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ។ ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអាជីវកម្មជាច្រើនត្រូវបានបង្ខំចិត្តបិទលែងដំណើរការដោយប្រកាសក្ស័យធន ស្របពេលដែលសហគ្រាសមួយចំនួនបានតស៊ូព្យាយាមនិងវិបត្តិដែលជាផលវិបាកនៃជំងឺកូវីដ-១៩ ដោយបានរុះរើកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុងក្រុមហ៊ុន ដើម្បីឆ្លើយតបបានទៅនឹងវិធានការសុខាភិបាលដែលរដ្ឋបានដាក់ចេញ។ ក្រុមហ៊ុនធំៗ មួយចំនួនបានសម្រេចកាត់បន្ថយសកម្មភាពអាជីវកម្ម ដែលឈានទៅដល់ការកាត់បន្ថយចំនួនកម្មករនិយោជិត។ ដោយសារក្រុមហ៊ុនជាច្រើនប្រកាសក្ស័យធន និងមួយចំនួនទៀតបានកាត់បន្ថយសកម្មភាពអាជីវកម្ម នាំឱ្យកម្មករនិយោជិតជាច្រើនលាននាក់បានបាត់បង់ការងារនិងបាត់បង់ប្រភពចំណូលសម្រាប់ការចិញ្ចឹមជីវិតរស់នៅរបស់ពួកគេ ស្របពេលដែលស្ថានភាពសុខភាពសាធារណៈជាទូទៅក៏ត្រូវបាន គម្រាមកំហែង។
ប្រទេសកម្ពុជា ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីវិបត្តិនៃជំងឺកូវីដ-១៩ នេះផងដែរ ជាពិសេសវិស័យ ទេសចរណ៍ និងវិស័យឧស្សាហកម្មនាំចេញផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប ដែលជាវិស័យទទួលរងផលប៉ះពាល់ដោយផ្ទាល់។ កម្មករនិយោជិតជាច្រើនពាន់នាក់បានបាត់បង់ការងារ ដោយសារតែសណ្ឋាគារ ភោជនីយដ្ឋាន និងរោងចក្រមួយចំនួនត្រូវបានបិទទ្វារលែងដំណើរការដោយមូលហេតុមិនមានភ្ញៀវទេសចរណ៍ និងមិនមានការបញ្ជាទិញពីបរទេស។
ហេតុការណ៍ទាំងនេះបានជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាពិភពការងារ ជាពិសេសផលប៉ះពាល់នៃការអនុវត្តវិធានការសុខាភិបាលជាកាតព្វកិច្ចក្នុងការធានាឱ្យបាននូវសុវត្ថិភាពនៃសុខភាពសាធារណៈនិងការអនុវត្តច្បាប់ស្តីពីការងារ ដែលតម្រូវឱ្យកម្មករនិយោជិតអាចប្រឈមនិងកាត់បន្ថយម៉ោងការងារ កាត់បន្ថយប្រាក់ចំណូល ការបាត់បង់ការងារ និងការបាត់បង់ប្រាក់ចំណូល។ ការកំណត់នូវសញ្ញាណគតិយុត្តនៃជំងឺកូវីដ-១៩ (ជំពូកទី១) ត្រូវបានចាត់ទុកជាដំណោះស្រាយគន្លឹះនៅក្នុងការអនុវត្តច្បាប់ស្តីពីការងារចំពោះវិបត្តិនៃជំងឺកូវីដ-១៩ (ជំពូកទី២) ប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារ រួមទាំងការធានាបាននូវជីវភាពរស់នៅសមរម្យរបស់កម្មករនិយោជិត។
[1]WHO coronavirus (COVID-19) Dashboard, http://covid19.who.int