ក្នុងឆ្នាំ២០២១ និង​២០២២ មានព្រឹត្តិការណ៍ធំៗជាច្រើនបាន​កើតឡើង បន្ថែមលើ​​បញ្ហាប្រឈមដែលមាន​ស្រាប់​ហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​បរិយាយថា ជា “ដុំ​ថ្មក្តៅ” ដូចជា វិបត្តិនយោបាយ​នៅមីយ៉ាន់ម៉ា ការឈ្លានពានរបស់រុស្ស៊ី​លើទឹកដីអ៊ុយក្រែន ភាពតានតឹង​នៅច្រកសមុទ្រតៃវ៉ាន់ជាដើម។យ៉ាងណាក្តី នេះគឺជាមោទនភាព​របស់កម្ពុជា ដែល​យើង​បាន​ឈានទៅបញ្ចប់​ការធ្វើ​ជាប្រធាន​របស់​ខ្លួនក្នុងឆ្នាំ​២០២២​​  ដោយ​បាន​បន្ថយកំដៅដុំ​ថ្មនោះមួយ​កម្រិត​ ដែល​ជាការ​ជួយ​លើក​មុខមាត់អាស៊ាន​ផង និងកម្ពុជាខ្លួនឯងផង។ ទាំងនេះគឺជាគំរូ​ជាក់ស្តែងនៃការទូត និងការដឹកនាំពហុភាគីនិយម​របស់អាស៊ាន ក្នុងកិច្ច​ខិតខំ​ប្រឹងប្រែង​រួមដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដោយប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន។

អាស៊ាន និងដៃគូរបស់យើងបានទទួលជោគជ័យក្នុងការបង្ហាញពិភពលោកថា ពហុភាគីនិយមនៅតែជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ហាពិភពលោក។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងតាមរយៈដំណើរការអាស៊ាន យើងអាចគ្រប់គ្រងភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ កាន់តែប្រសើរជាងមុន ឬអាចរារាំងមិនឱ្យ​មានគ្រោះថ្នាក់កើតចេញពីការវិភាគខុស ក្នុងខណៈពេលដែលមានការកើនឡើងកម្តៅ និងភាពតានតឹង​ពីការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច និងសង្គ្រាមតំបន់ ក៏ដូចជាការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ។