អ្នកអានជាទីមេត្រី

ខ្ញុំ​ពិត​ជាមាន​កិត្តិយស​ និង​សេចក្តី​រីក​រាយ​យ៉ាង​ខ្លាំង​ ​ក្នុង​ការផ្តល់កថាមុខ​នេះ ​សម្រាប់​ព្រឹត្តិបត្រច្បាប់សាលាត្រាជូ​លេខ​ទី​បួន។ សមាគមសាលាត្រាជូ បានចាប់ផ្តើមពីចំណុចតូចមួយ ហើយបន្តិចម្តងៗ បានក្លាយខ្លួនជា ស្ថាប័នគោលមួយសម្រាប់ សហគមន៍អ្នកច្បាប់កម្ពុជា។ ព្រឹត្តិបត្រច្បាប់នេះគឺជា សក្ខីភាពដ៏ប្រសើរមួយ ដែលបង្ហាញអំពីភាពចាំបាច់ និងការចូលរួមចំណែកក្នុងការអភិវឌ្ឍ លទ្ធិផ្នែកច្បាប់នៅកម្ពុជា។

សមាគមសាលាត្រាជូ​ បាន និងកំពុងចូលរួមក្នុងការដឹកនាំចរន្តគោលគំនិត ដែលនឹងជះឥទ្ធិពល ទៅលើការពិចារណាស្វែងរកហេតុផលបែបថ្មីរបស់សហគមន៍អ្នកច្បាប់វ័យក្មេងកម្ពុជា តាមរយៈការលើកទឹកចិត្តឱ្យអ្នកជំនាញច្បាប់ ផ្សព្វផ្សាយគំនិត និងទស្សនៈលើទិដ្ឋភាពផ្សេងៗនៃប្រព័ន្ធច្បាប់កម្ពុជា។ ព្រឹត្តិបត្រច្បាប់នេះ នឹងជួយបំពេញបន្ថែមចន្លោះខ្វះខាតនៃលទ្ធិច្បាប់នៅកម្ពុជា ហើយជាបន្តបន្ទាប់ ព្រឹត្តិបត្រនេះនឹង ចូលរួមបង្កើនភាពចម្រុះនៃ ទស្សនៈច្បាប់របស់យើង ក៏ដូចជាពង្រឹងប្រព័ន្ធច្បាប់ទំនើបនៅកម្ពុជាផងដែរ។​

ក្រៅ​ពី​ការ​ចូលរួម​ផ្ទាល់របស់​ខ្ញុំ ខ្ញុំ​មានសេចក្តីសោមនស្ស​ជា​ខ្លាំង​ដែល​បាន​ឃើញ​អ្នក​និពន្ធជាច្រើនបានចូល​រួមក្នុង​ព្រឹត្តិបត្រច្បាប់​នេះ។ នេះជាកត្តាជំរុញ យ៉ាងខ្លាំង ដែលស្មេរបានតាំងចិត្ត ខិតខំប្រឹងប្រែង  និងពុះពារប្រកបដោយក្តីស្រឡាញ់ ក្នុងការនិពន្ធអត្ថបទលើប្រធានបទច្បាប់នានារាប់បញ្ជូលចាប់តាំងពីច្បាប់ក្នុងស្រុក រហូតដល់ច្បាប់អន្តរជាតិ។ ស្មេរទាំងអស់ គួរទទួលបានការកោតសរសើរសម្រាប់វិភាគទានទាំងនេះ។​

ខ្ញុំសង្ឃឹមថាស្មេរដទៃទៀតនឹងមកចូលរួមជាមួយ សមាគមសាលាត្រាជូ ក្នុងកិច្ចខិតខំប្រឹងប្រែង ផ្សព្វផ្សាយចំណេះដឹងផ្នែកច្បាប់ដល់សាធារណជនឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រទេសកម្ពុជាអាចបន្តវឌ្ឍនភាព និងវិបុលភាពនៅក្នុងសង្គមនីតិរដ្ឋ។

ថ្ងៃសុក្រ ៤ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦

រាជធានីភ្នំពេញ, ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣

បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា (Bundit Sapheacha Dr SOK Siphana)