នៅក្នុងទំនាក់ទំនងអន្តរជាតិ រដ្ឋភាគីវិវាទទាក់ទងនឹងព្រំដែនទឹក​ និងវិវាទពាក់ព័ន្ធដទៃទៀត  ស្ថិតនៅក្រោមកាតព្វកិច្ចការដោះស្រាយវិវាទដោយសន្តិវិធីក្រោមទម្រង់ផ្សេងៗគ្នានៅក្នុងច្បាប់អន្តរជាតិ។ វិវាទអន្តរជាតិទាំងអស់ មិនអាចអូស​បន្លាយបាននោះទេ ព្រោះថាវាអាចនាំមកភាពអន្តរាយយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព​ និងសន្តិសុខអន្តរជាតិ។ ជាក់ស្តែង ធម្មនុញ្ញអង្គការសហប្រជាជាតិ ត្រូវបានទទួលស្គាល់ ថាជាវិធានអន្តរជាតិកំពូលមួយដ៏សំខាន់ ដែលបានដាក់ចេញនូវគោលការណ៍គ្រឹះ និងនីតិវិធីទូទៅស្តីពី យន្តការដោះស្រាយវិវាទដោយសន្តិវិធី។[1]​ មាត្រា ៣៣ នៃធម្មនុញ្ញ​អង្គការសហប្រជាជាតិ បានផ្តល់ មធ្យោបាយដោះស្រាយវិវាទធំៗយ៉ាងហោចណាស់ពីរប្រភេទ ដែលមានដូចជាមធ្យោបាយការទូត និង មធ្យោបាយតាមរយៈយុត្តាធិការអន្តរជាតិ។[2]

ដោយឡែក អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ (តទៅនេះហៅកាត់ថា អនុសញ្ញា UNCLOS) ក៏បានផ្តល់សិទ្ធិដល់គូភាគីក្នុងការជ្រើសរើសយន្តការដោះស្រាយវិវាទ ដែលខ្លូនយល់ថា​សម ស្របអនុលោមតាមមាត្រា២៨៧ នៃអនុសញ្ញា UNCLOS។[3] តុលាការអន្តរជាតិនីតិសមុទ្រ (តទៅនេះ ហៅកាត់ថាតុលាការ ITLOS) ជានីតិវិធី​ដំបូងដែលបានចែងតាមរយៈមាត្រា២៨៧ នៃអនុសញ្ញា UNCLOS ដែលបានផ្តល់ជាជម្រើសទៅដល់គូភាគីនៃអនុសញ្ញាទាក់ទងនឹងការប្រើប្រាស់យន្តការនៃការដោះស្រាយ ជម្លោះដែលខ្លួនពេញចិត្តដូចជាតុលាការអន្តរជាតិនីតិសមុទ្រ តុលាការយុត្តិធម៌អន្តរជាតិ មជ្ឈត្តការពិសេស នៃឧបសម្ព័ន្ធ៧ និងតុលាការមជ្ឈត្តការពិសេសនៃឧបសម្ព័ន្ធ៨។[4]

ក្នុងករណីជ្រើសរើសតុលាការ ITLOS គូភាគីអាចជ្រើសរើស (ទី១) អង្គជំនុំជម្រះទូទៅដែលមាន សមាសភាពអង្គចៅក្រម ២១ រូប និង (ទី២) អង្គជំនុំជម្រះដែលសមាសភាពអង្គចៅក្រមរឹតត្បិត មានដូចជា អង្គជំនុំជម្រះដោះស្រាយវិវាទបញ្ហាពាក់ព័ន្ធទៅនឹងបាតសមុទ្រ, អង្គជំនុំជម្រះនីតិវិធីដោយសង្ខេប, អង្គជំនុំ ជម្រះដោះស្រាយវិវាទពាក់ព័ន្ធទៅនឹងការនេសាទ, អង្គជំនុំជម្រះដោះស្រាយវិវាទពាក់ព័ន្ធទៅនឹងបរិស្ថាន សមុទ្រ, អង្គជំនុំជម្រះដោះស្រាយវិវាទពាក់ព័ន្ធទៅនឹងការកំណត់ព្រំដែនសមុទ្រ និងអង្គជំនុំជម្រះពិសេស តាមរយៈមាត្រា១៥ កថាខណ្ឌ២ នៃលក្ខន្តិកៈរបស់តុលាការអន្តរជាតិនីតិសមុទ្រ (តទៅនេះហៅកាត់ថា អង្គជំនុំជម្រះពិសេសតាមរយៈមាត្រា១៥ កថាខណ្ឌ២)។ ដោយសារតែ អង្គជំនុំជម្រះពិសេសមានច្រើន ប្រភេទ ដូច្នេះប្រធានបទស្រាវជ្រាវមួយនេះនឹងធ្វើការលើកយកអង្គជំនុំជម្រះពិសេសតាមរយៈមាត្រា១៥ កថាខណ្ឌ២ មកបកស្រាយដោយឆ្លុះបញ្ចាំងតាមរយៈករណីសិក្សាជាក់ស្តែងស្តីពីវិវាទរវាងប្រទេសហ្កាណា និងកូតឌីវ័រ។[5] ប៉ុន្តែប្រធាន បទមួយនេះបង្ហាញតែ​ដំណើរការរៀបចំនីតិវិធី និងសមត្ថកិច្ចរបស់អង្គជំនុំជម្រះ ពិសេសនេះតែប៉ុណ្ណោះ ដោយមិនលើកបញ្ហាគតិយុត្តស្តីពីសវនាការនៅលើអង្គសេចក្តី រួមទាំងបញ្ហា សារធាតុស្តីពីបច្ចេកទេសនៃការបែងចែកព្រំដែនសមុទ្រ។  

ក្នុងន័យនេះ ប្រធានបទមួយនេះនឹងធ្វើការឆ្លើយតបទៅនឹងសំណួរថា តើដំណើរការរៀបចំ និង ការប្រព្រឹត្តទៅរបស់អង្គជំនុំជម្រះពិសេសតាមរយៈមាត្រា១៥ កថាខណ្ឌ២ ក្នុងសំណុំរឿងហ្កាណា និង កូតឌីវ័រមានលំហូរនីតិវិធីយ៉ាងដូចម្តេច?

ឆ្លើយទៅនឹងចំណោទបញ្ហាខាងលើនេះ យើងសិក្សាជាដំបូងនូវលំហូរនីតិវិធី និងរបៀបរៀបចំនៃ អង្គជំនុំជម្រះពិសេសមួយនេះ (ផ្នែកទី ១) និងករណីសិក្សាជាក់ស្តែងស្តីពីវិវាទព្រំដែនសមុទ្ររវាង ប្រទេសហ្កាណា និងកូតឌីវ័រ (ផ្នែកទី ២)។


[1] មាត្រា ១, ធម្មនុញ្ញនៃ​អង្គការសហប្រជាជាតិ

[2] មាត្រា ៣៣, ធម្មនុញ្ញនៃ​អង្គការសហប្រជាជាតិ

[3] អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ត្រូវបានទទួលស្គាល់ថាជាច្បាប់កំពូលនៃនីតិសមុទ្រ ដែលចែងនូវបទប្បញ្ញត្តិ ទាំងឡាយទាក់ទងទៅនឹងការគ្រប់គ្រង និងការប្រព្រឹត្តទៅនូវរាល់សកម្មភាពនានារបស់រដ្ឋក្នុងការប្រើប្រាស់សមុទ្រ។ អនុសញ្ញានេះ ត្រូវបានអនុម័តដោយរដ្ឋភាគីនៃសន្និសីទសហប្រជាជាតិស្តីពីនីតិសមុទ្រនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៨២ (លោក ផល ពិសាល, អនុសញ្ញាសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ​ ១៩៨២, ការផ្សព្វផ្សាយរបស់សមាគមសាលាត្រាជូ, ឆ្នាំ២០១៥) ហើយមាន ១៦៨ ប្រទេសបានក្លាយជារដ្ឋហត្ថលេខីនៃអនុសញ្ញានេះ និងមាន ១៥៧ ប្រទេសបានយល់ព្រមផ្តល់សច្ចាប័ន ប៉ុន្តែក៏មានប្រទេសខ្លះ មិនទាន់ផ្តល់សច្ចាប័នផងដែរ ដែលក្នុងនោះក៏មានប្រទេសកម្ពុជា (United Nation: Treaty Collection, “Status of Treaties”, https://treaties.un.org/pages/ViewDetailsIII.aspx?src=TREATY&mtdsg_no=XXI-6&chapter=21&Temp=mtdsg3&clang=_en#1 )។

[4] ផល ពិសាល, ឈ្វេងយល់អំពីនីតិវិធីច្បាប់អន្តរជាតិនៃការដោះស្រាយវិវាទសមុទ្រចិនខាងត្បូង៖ ករណីប្រទេសហ្វីលីពីន និងចិន, ការផ្សព្វផ្សាយរបស់សមាគមសាលាត្រាជូ, ឆ្នាំ២០១៦

[5] តាមរយៈមាត្រា១៥ កថាខណ្ឌ២ នៃលក្ខន្តិកៈរបស់តុលាការអន្តរជាតិនីតិសមុទ្របានចែងថា “តុលាការ​ ITLOS អាចបង្កើត អង្គជំនុំជម្រះសម្រាប់ដោះស្រាយវិវាទជាក់លាក់មួយដែលត្រូវបានដាក់ជូន ប្រសិនបើភាគីស្នើសុំការ។ ការបង្កើតអង្គជំនុំជម្រះមួយនេះ ត្រូវតែកំណត់ដោយតុលាការ ITLOS ដោយមានការយល់ព្រមពីគូភាគី។”; ទាក់ទងទៅនឹងការប្រើប្រាស់វាក្យសព្ទពាក្យ “កូតឌីវ័រ (Côte d’lvoire) និងហ្កាណា (Ghana)” សូមមើលបណ្ឌិតសភាចារ្យ សុខ អាន (ប្រធាន), បណ្ឌិតសភាចារ្យព្រំុ ម៉ល់ (ប្រធាន), និងគណៈកម្មការ វិទ្យាសាស្ត្រនយោបាយ, សទ្ទានុក្រមវិទ្យាសាស្ត្រនយោបាយ និង ការទូតខ្មែរ-បារាំង-អង់គ្លេស, បោះពុម្ភផ្សាយដោយគណៈកម្មាធិការ ជាតិភាសាខ្មែរ (បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ), ខែធ្នូ ឆ្នាំ ២០១៣