នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ដែលជាសេនាធិការ​របស់​រាជរដ្ឋាភិបាល ទទួលបន្ទុក​លើ​វិស័យ​ប្រៃសណីយ៍ ទូរគមនាគមន៍ និង​បច្ចេកវិទ្យាគមនាគមន៍​ និងព័ត៌មាន បានចេញ​ប្រកាសលេខ៨២ បទ.ប្រក ស្តីពី «គុណភាពសេវាទូរគមនាគមន៍»[1] ក្នុងគោលបំណងដើម្បី៖

១. ធានាថាព័ត៌មានដែលផ្តល់ដោយប្រតិបត្តិករទូរគមនាគមន៍អំពីគុណភាពសេវាទូរគមនាគមន៍ មានភាពត្រឹមត្រូវ អាចទទួលយកបាន និងអាចប្រៀបធៀបគ្នាបាន។

២. ផ្តល់ព័ត៌មានពាក់ព័ន្ធនឹងជម្រើស តម្លៃ និងគុណភាពសេវាទូរគមនាគមន៍ ដើម្បីជួយអ្នកប្រើប្រាស់ជ្រើសរើសប្រតិបត្តិករទូរគមនាគមន៍។

៣. ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ក្នុងការទទួលបានសេវាទូរគមនាគមន៍ ប្រកបដោយគុណភាព ស្របតាមទឹកប្រាក់ដែលបានបង់។

៤. ផ្តល់ព័ត៌មានដល់ប្រតិបត្តិករទូរគមនាគមន៍ ដើម្បីរៀបចំផែនការពង្រឹងគុណភាពសេវា និង
បណ្តាញទូរគមនាគមន៍របស់ខ្លួន។

៥. ធានាថារបាយការណ៍នៃការវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដោយប្រតិបត្តិករទូរគមនាគមន៍ មានភាពត្រឹមត្រូវ ពេញលេញ និងតាមកាលវេលា។

ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះប្រតិបត្តិករទូរគមនាគមន៍ ដែលផ្ដល់សេវាទូរសព្ទអចល័ត (Fixed Wireless Loop Line – FWLL) សេវាទូរសព្ទចល័ត (Mobile Network Operator – MNO) និងសេវាអ៊ីនធឺណិតអចល័ត (Internet Service Provider – ISP) ក្នុងព្រះរាជាណាចក្រកម្ពុជា។


[1] តំណភ្ជាប់ទាញយកឯកសារជា PDF, https://mptc.gov.kh/news/29247/, ២០ តុលា ២០២២