ក្នុងឆ្នាំ២០២១ និង២០២២ មានព្រឹត្តិការណ៍ធំៗជាច្រើនបានកើតឡើង បន្ថែមលើបញ្ហាប្រឈមដែលមានស្រាប់ហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបរិយាយថា ជា “ដុំថ្មក្តៅ” ដូចជា វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ការឈ្លានពានរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ជាដើម។យ៉ាងណាក្តី នេះគឺជាមោទនភាពរបស់កម្ពុជា ដែលយើងបានឈានទៅបញ្ចប់ការធ្វើជាប្រធានរបស់ខ្លួនក្នុងឆ្នាំ២០២២ ដោយបានបន្ថយកំដៅដុំថ្មនោះមួយកម្រិត ដែលជាការជួយលើកមុខមាត់អាស៊ានផង និងកម្ពុជាខ្លួនឯងផង។ ទាំងនេះគឺជាគំរូជាក់ស្តែងនៃការទូត និងការដឹកនាំពហុភាគីនិយមរបស់អាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ដោយប្រើប្រាស់យន្តការដឹកនាំដោយអាស៊ាន។
អាស៊ាន និងដៃគូរបស់យើងបានទទួលជោគជ័យក្នុងការបង្ហាញពិភពលោកថា ពហុភាគីនិយមនៅតែជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ហាពិភពលោក។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់យើងតាមរយៈដំណើរការអាស៊ាន យើងអាចគ្រប់គ្រងភាពមិនប្រាកដប្រជា ភាពស្មុគស្មាញ កាន់តែប្រសើរជាងមុន ឬអាចរារាំងមិនឱ្យមានគ្រោះថ្នាក់កើតចេញពីការវិភាគខុស ក្នុងខណៈពេលដែលមានការកើនឡើងកម្តៅ និងភាពតានតឹងពីការប្រកួតប្រជែងឥទ្ធិពលរបស់មហាអំណាច និងសង្គ្រាមតំបន់ ក៏ដូចជាការគំរាមកំហែងនៃសង្គ្រាមនុយក្លេអ៊ែរ។