តួនាទីនិងសារៈសំខាន់នៃវិនិយោគបរទេសក្នុងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមបច្ចុប្បន្នបានជំរុញឱ្យមានការគិតគូរទាំងកម្រិតជាតិ និងសកលនូវការសិក្សាអំពីការដាក់ចេញនូវគោលនយោបាយ ជាពិសេសបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងវិនិយោគបរទេស ក្នុងក្របខណ្ឌនៃប្រព្រឹត្តិកម្ម ការធានា និងការពារវិនិយោគបរទេសឬសកម្មភាពសេដ្ឋកិច្ចរបស់ជនបរទេសនៅលើទឹកដីនៃប្រទេសមួយ។
អត្ថបទនេះនឹងបង្ហាញនូវព័ត៌មាន និងខ្លឹមសារមួយចំនួនស្តីពីស្ថានភាពបច្ចុប្បន្ននៃវិនិយោគបរទេសនៅក្នុងកម្រិតសកល និងកម្រិតជាតិ (កថាខណ្ឌទី១) ជាមួយនឹងការបង្ហាញនូវបរិបទគ្របដណ្តប់នៃការលេចចេញនូវការសិក្សាគតិយុត្តយ៉ាងផុសផុលនៃវិនិយោគបរទេស (ឬវិនិយោគអន្តរជាតិ) (កថាខណ្ឌទី២) ដែលបានធ្វើឱ្យមុខវិជ្ជានេះក្លាយជាមុខវិជ្ជាមួយថ្មី និងបានក្លាយជាមុខវិជ្ជាមួយដ៏ជាក់លាក់ និងពេញលេញនៅក្នុងក្របខណ្ឌនៃនីតិអន្តរជាតិសេដ្ឋកិច្ច ដែលពីមុនវាជាផ្នែកមួយតូចនៅក្នុងនីតិអន្តរជាតិសាធារណៈ
នាអំឡុងពេលជិត ៧ ទសវត្សរ៍[1] កន្លងមកនេះ។
[1] Elihu Lauterpacht, International Law and Private Foreign Investment, Indiana Journal of Global Legal Studies, Volume 4, Issue 2, Article 2, 1997, ទំព័រ ២៦១ តាមឯកសារនេះបញ្ជាក់ថាជាង ៥ ទសវត្សរ៍ ដែលគិតមកដល់បច្ចុប្បន្ននេះជិត ៧ ទសវត្សរ៍។