9. សិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ៖ ប្រៀបធៀបបទល្មើស និងការទទួលខុសត្រូវប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក / Online Copyright: Comparing Crimes and Responsibilities of Internet Service Providers between Cambodia and the United States (Khmer Article)
ពាក្យចាស់លោកតែងពោលថា «ទីណាមានទឹក ទីនោះមានត្រី» ចុះបើទីណាមានបទល្មើសថ្មីទីនោះត្រូវតែមានច្បាប់។ ប្រយោគនេះ សរបញ្ជាក់អំពីទំនាក់ទំនងរវាងច្បាប់ និងបទល្មើស គឺជាទំនាក់ទំនងដែលមិនអាចកាត់ផ្ដាច់គ្នាបានឡើយ ប្រៀបដូចជាទំនាក់ទំនងរវាងទឹក និងត្រីយ៉ាងដូច្នោះដែរ។ នៅក្នុងយុគសម័យបដិវដ្ដឧស្សាហកម្ម ៤.០ បទល្មើសមួយចំនួនត្រូវបានប្រែសណ្ឋានទៅជាទម្រង់ឌីជីថល ហើយបានរីករាលដាលពេញថ្នាលអ៊ីនធឺណិត។ ដោយសារអ៊ីនធឺណិតគ្មានព្រំដែន ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចរំលោភបំពានសិទ្ធិអ្នកនិពន្ធយ៉ាងងាយស្រួល ដោយគ្រាន់តែចុចទាញយក ចែករំលែក ឬបង្ហោះស្នាដៃដោយគ្មានការអនុញ្ញាតពីអ្នកនិពន្ធត្រឹមមួយវិនាទីប៉ុណ្ណោះ។ យោងតាមស្ថានភាពនេះ ប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតដើរតួនាទីយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការនូវការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ព្រោះពួកគេមានលទ្ធភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើគ្រប់ប្រតិបត្តិការដែលប្រព្រឹត្តទៅនៅក្នុងបណ្ដាញសេវាកម្មរបស់ពួកគេ។ ហេតុដូចនេះ ដើម្បីកាត់បន្ថយការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញឱ្យនៅត្រឹមអប្បបរមា ច្បាប់ត្រូវដាក់ការទទួលខុសត្រូវដល់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត។ ការទប់ស្កាត់ និងបង្រ្កាបនូវបទល្មើសដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាពិតជាមានសារៈសំខាន់ណាស់ ដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍន៍នៅក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល ខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាមានទស្សនៈវិស័យក្នុងការធ្វើបដិវត្តកម្មឌីជីថល នៅគ្រប់វិស័យនៃសេដ្ឋកិច្ច និងសង្គមតាមរយៈការប្រើប្រាស់បច្ចេកវិទ្យានាពេលអនាគត។[1] ប្រទេសកម្ពុជា គឺជាប្រទេសក្មេងខ្ចីនៅឡើយក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ ដោយឡែក ការរំលោភបំពានសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហាថ្មីទេនៅកម្ពុជា។ ដូចនេះ ដើម្បីសម្រេចបាននូវទស្សនៈវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាចាំបាច់ត្រូវមានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដើម្បីគ្រប់គ្រងបទល្មើសនៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ។ យ៉ាងណាមិញ កង្វះនូវបទពិសោធន៍នៅក្នុងវិស័យនេះ គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់កម្ពុជា ដែលទាមទារឱ្យមានការរៀនសូត្របន្ថែមទៀតពីបណ្ដាប្រទេស ដែលអភិវឌ្ឍក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ ជាពិសេស គឺសហរដ្ឋអាម៉េរិក ព្រោះជាប្រទេសដំបូងបំផុតដែលមានច្បាប់ក្នុងការកម្រិតការទទួលខុសត្រូវរបស់ប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត នៅក្នុងវិស័យសិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញនេះ។[2] អាស្រ័យហេតុនេះ ទើបកិច្ចការស្រាវជ្រាវនេះបានលើកយកប្រធានបទ «សិទ្ធិអ្នកនិពន្ធតាមប្រព័ន្ធអនឡាញ៖ ប្រៀបធៀបបទល្មើស…